សព្វថ្ងៃនេះ មនុស្សជាតិស្ថិតនៅជារំពា (ចំណី) នៃសង្គ្រាម ភេរវកម្ម អំពើហិង្សា ឧក្រិដ្ឋកម្ម ការមិនអត់ឱន និងជម្លោះ...... ពោលគឺយើងស្ថិតនៅឆ្ងាយពីគោលដៅនៃសន្តិភាពឋិតឋេរ ដែល ឈរលើគ្រឹះនៃសាមគ្គីភាព បញ្ញា និងសីលធម៌មនុស្សជាតិ។
ផ្លូវដែលយើងដើរបន្ត គឺត្រូវខិតខំទ្វេដងថែមទៀត ដើម្បីឱ្យវិចារណញ្ញាណ និងការសន្ទនា គ្នាទទួលបានជោគជ័យក្នុងនាមសន្តិភាព ក៏ដូចជាកែលម្អមេរៀននៃអតីតកាល ឱ្យស្របនឹងបច្ចុប្បន្នកាល បើគេចង់ជំនះស្ថានភាពថ្មីដោយប្រសិទ្ធភាព។ ដូចនេះ យើងត្រូវចេះប្រើបច្ចេកទេស និង ចំណេះដឹងថ្មីដែលបានបង្រៀនយើងចំពោះចំណោទដូចជា តើយើងត្រូវធ្វើយ៉ាងណា ដើម្បីយល់ពីខ្លួនឯង យល់ពីអ្នកដទៃ និងជំនះទស្សនៈខុសគ្នានេះ? តើយើងត្រូវអប់រំឱ្យស្គាល់តម្លៃ សាកលនៃការអត់ឱនសន្តិភាព ការគោរពសិទ្ធិមនុស្ស អហិង្សា និងលទ្ធិប្រជាធិបតេយ្យក្នុងទស្សន វិស័យនៃវប្បធម៌ផ្សេងគ្នាយ៉ាងដូចម្តេច?
ការអប់រំជាបេះដូងនៃគ្រប់ចម្លើយ ចំពោះបញ្ហាក្តៅគគុកខាងលើនេះ ព្រោះការអប់រំមិនត្រឹម តែផ្តល់ពត៌មានចំពោះមនុស្សប៉ុណ្ណោះទេ ប៉ុន្តែកែប្រែអ្នកទាំងនេះថែមទៀត ក៏ដូចជាការបង្កើតបរិយាសនៃការសន្ទនា ការផ្លាស់ប្តូរទស្សនៈ និងលើកទឹកចិត្តចំពោះការគោរពគ្នា និងការអត់ឱនគ្នា ព្រមទាំងពង្រឹងរាល់សកម្មភាពវិជ្ជមាន។
អ្នកប្រាជ្ញចិនខុងជឺ (Confucius) បាននិយាយថា ៖
- បើអ្នកគ្រោងគិតធ្វើអ្វីមួយ សម្រាប់រយៈពេល ១ឆ្នាំទៅមុខទៀត អ្នកត្រូវបណ្តុះគ្រាប់ពូជ
- បើអ្នកគ្រោងគិតធ្វើអ្វីមួយ សម្រាប់រយៈពេល ១០ឆ្នាំទៅមុខទៀត អ្នកត្រូវដាំដើមឈើ
- បើអ្នកគ្រោងគិតធ្វើអ្វីមួយ សម្រាប់រយៈពេល ១០០ឆ្នាំទៅមុខទៀត អ្នកត្រូវបង្ហាត់បង្រៀន។
0 comments:
Post a Comment